សូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លា ប្រកបដោយសេចក្តីអភិរម្យសោមនស្សរីករាយ នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខនេះ ទូលព្រះបង្គំ និងក្រុមគ្រួសារ សូមថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
នៅក្នុងវេលាដ៏វិសេសវិសាលថ្លៃថ្លានេះដែរ ទូលព្រះបង្គំ សូមលំឱនកាយក្រាបអភិវន្ទ ប្រកបដោយមនោសញ្ចេតនា និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះព្រះមហាករុណាទិគុណរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងយកព្រះទ័យទុកដាក់ និងយកអស់កម្លាំងព្រះកាយពល ព្រះបញ្ញាញាណ បំពេញព្រះរាជកិច្ចដ៏ថ្លៃថ្លាក្នុងវិស័យសង្គមកិច្ច និងមនុស្សធម៌ ប្រកបដោយព្រះរាជហឫទ័យដ៏សប្បុរសថ្លៃថ្លាបំផុតចំពោះមាតុភូមិ និងប្រជារាស្ត្រជាទីស្រលាញ់របស់ព្រះអង្គ។
ទូលព្រះបង្គំ និងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមយាងតាមថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជានិច្ចនិរន្តរ៍តរៀងទៅ។